ឃរាវាសធម៌
ចម្លើយ- ដែលហៅថា ឃរាវាសធម៌ គឺជាធម៌ឬច្បាប់របស់គ្រហស្ថ អ្នកគ្រប់គ្រងផ្ទះ សម្រាប់កាន់ឬប្រតិបត្តិតាម ។
១- សច្ចៈ សេចក្តីទៀងត្រង់ដល់គ្នានិងគ្នា
២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់មិនហិង្សា
៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ
៤- ចាគៈ លះបង់ទ្រព្យសម្បត្តិឲ្យអ្នកដទៃដែលគួរឲ្យ
អត្ថាធិប្បាយ- គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែងតែងតែមានភរិយា បុត្រធីតា ដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះរមែងមានអត្តចរិតផ្សេងៗពីគ្នា ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យជាអ្នកចូលចិត្តតែសប្បាយហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេងក្រមាច់ក្រមើម ខ្លះចំណូលខាងភូតភរកុហកគេ កុហកឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះទៀតជាមនុស្សស្មោះត្រង់ហើយប្រាថ្នាតិច ចូលចិត្តការស្ងប់ស្ងាត់ មិនចង់បានមានអ្វីឲ្យហួសហេតុដែលផ្ទុយពីចរិយាសម្បត្តិរបស់មាតាបិតា ។ ដោយហេតុមនុស្សដែលកើតក្នុងគ្រួសារតែមួយ ហើយមានអធ្យាស្រ័យ និងលក្ខណៈផ្សេងៗពីគ្នា តាមការប្រព្រឹត្ត ការយល់ឃើញផ្ទាល់ខ្លួនម្នាក់ៗដូច្នោះហើយ បានជាព្រះសម្មាសម្ពុទ្ធសំដែងអំពីសច្ចធម៌នេះ ថាជាធម៌សម្រាប់ទំនាក់ទំនងគ្នាល្អវិសេស អាចបង្កើតសាមគ្គីភាពក្នុងគ្រួសារនីមួយៗបាន ។ បើមនុស្សទាំងនោះមានការរួបរួមគ្នាហើយ សេចក្តីសុខ ចម្រើនក្នុងផ្ទៃនៃគ្រួសារទាំងមួលពិតជាមានប្រាកដពុំខាន ។ សច្ចធម៌នេះក៏មានអានុភាពធំធេង លាតសន្ធឹងវែងឆ្ងាយរហូតដល់ប្រជាជនក្នុង
ប្រទេសទាំងមួល ឲ្យប្រព្រឹត្ត ឲ្យកាន់ទៀតផង ។ ជាពិសេស អ្នកដឹកនាំជាតិក៏ត្រូវកាន់ទង់សច្ចធម៌នេះមុនគេបង្អស់ហើយជាក់លាក់ទៀត ។
គុណធម៌ដ៏ល្អដែលជាលក្ខណសម្បត្តិដ៏ប្រសើរបំផុត ក៏ត្រូវមានសច្ចធម៌ជាមូលដ្ឋាន ឬជាដើមចមនេះឯងបានជាបណ្ឌិត ទាំងឡាយចងក្រងអត្ថបទចែងថា អ្នកដឹកនាំកំពូលប្រទេសនីមួយៗត្រូវមានសម្បទាធម៌ដូចខាងក្រោមនេះ ៖
ក- ធ្វើការបំរើជាតិដោយសុទ្ធចិត្ត និងសច្ចធម៌គ្រប់១០០%(Vérité c’est le respect les citoyens)ស្មោះត្រង់ប្រជាជនទៀងត្រង់នឹងប្រជាជន លើកប្រយោជន៍ជាតិជាធំជាងប្រយោជន៍ផ្ទាល់ខ្លួន មិនកេងប្រវញ្ចន៍កាញ់លើខ្នងប្រជារាស្ត្រមិនប្រឡាក់ប្រឡូសដោយអំពើពុករលួយ លក់សម្បត្តិជាតិ សម្បត្តិរដ្ឋឥតក្តីអាសូរ ស្អាតស្អំជានិច្ច ជាអចិន្ត្រៃយ៍ មានតណ្ហាតិច មិនធ្វើការអ្វីដែលជាមូលហេតុនៃសេចក្តីទុក្ខព្រួយដល់ជាតិទាំងមួល ។
ខ- មានសេចក្តីប្រាថ្នាតិច ធ្វើការបំរើជាតិមិនស្គាល់ថ្ងៃ មិនស្គាល់យប់ អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ហើយមិនចង់បានអ្វីសម្រាប់ខ្លួននិងគ្រួសារខ្លួន គោលបំណងជាចម្បងធំបំផុត គឺចង់ឲ្យប្រទេសជាតិរីកចំរើនគ្រប់វិស័យ រុងរឿងដូចអារ្យប្រទេសនានាលើសកលលោក និងប្រជារាស្ត្ររបស់ខ្លួនបានជួបសន្តិភាពក្សេមក្សាន្តជានិរន្តរ៍ ជីវភាពប្រជាជនរីកធូរធារស្រស់បំព្រងដូចៗគ្នា ។
គ- មានបញ្ញាភ្លឺថ្លាមោះមុត ដូចរស្មីនៃព្រះអាទិត្យ អាចឆ្លុះមើលឃើញនូវប្រវត្តិសាស្ត្រ ភូមិសាស្ត្រនៃប្រទេសខ្លួន ក្នុងអតីតកាលយ៉ាងណាដែលត្រូវយកមកជាមេរៀនក្នុងបច្ចុប្បន្នកាលនេះ និងមើលឃើញការវិវឌ្ឍន៍នៃប្រទេសជាតិទៅអនាគតវែងឆ្ងាយ យូរអង្វែងតទៅទៀត ។
ឃ-មានចំណេះដឹងគ្រប់គ្រាន់ដែលនឹងអាចយកទៅបម្រើប្រទេសជាតិបានដោយបរិបូណ៌ ។ នេះគឺជារឿងធម្មតា អ្នកដឹកនាំតែងតែជួបប្រទះនឹងពាក្យទិទៀន ឬពាក្យសរសើរពីសំណាក់ប្រជាជន ព្រោះអីរឿងលោកធម៌វាតែងតែកើតមានយ៉ាងនេះហើយតាំងពីព្រេងនាយមកម៉្លេះ ។ តែផ្ទុយទៅវិញបើមគ្គុទ្ទេសក៍មិនយកចំណេះដែលខ្លួនមាទៅអនុវត្តក្នុងផ្លូវត្រូវ ផ្លូវល្អទេ ក៏មិនបានផលប្រយោជន៍អ្វីដល់ប្រជាជាតិដែរ ។
ង- អ្នកដឹកនាំជាតិ អង្គុយធ្វើការតែក្នុងផ្ទះកញ្ចក់ មិនកំបាំងភ្នែកមហាជន បានសេចក្តីថាប្រជាជនអាចមើលសកម្មភាពឬការងាររបស់អ្នកដឹកនាំបានគ្រប់ពេលវេលា ។
ច- ហ៊ានពុះពាររហូតដល់លះបង់ជីវិតក្នុងគ្រាដែលប្រទេសជាតិជួបប្រទះវិបត្តិ និងសង្គ្រាម ដូចជាសង្គ្រាមដែលបរទេសឈ្លានពានបង្កចូលមក ។ អត្ថបទដែលពណ៌នាមកនេះ គឺជាបុគ្គលិកលក្ខណៈដ៏ថ្លៃថ្លា កាត់ថ្លៃមិនបានរបស់អ្នកកាន់ចង្កូតរដ្ឋនេះឯង ។ បើប្រទេសណាមានអ្នកដឹកនាំដូចខាងលើនេះ ប្រទេសនឹងរីកចម្រើនជាភិយ្យោភាព យ៉ាងជាក់ស្តែងនៅនាលោកីយ៍នេះ ។បើគ្រួសារនីមួយៗ ឬប្រជាជនក្នុងប្រទេសបានតាំងនៅស៊ប់មាំក្នុងសច្ចធម៌ គឺសេចក្តីទៀងត្រង់រវាងគ្នានឹងគ្នាហើយ ក៏តោងមាន ៖
ទមធម៌ (ទមៈ-ធម៌) គឺការទូន្មានចិត្តឲ្យបានល្អ ដែលគេហៅថាលត់ដំ គឺធ្វើឲ្យចិត្តស្ងប់ស្ងាត់ ទន់ភ្លន់ កុំឲ្យមានការក្រេវក្រោធ រំលោភលើគ្នាថែមទៀត ។ ចិត្តជាសភាវៈតែងតែត្រិះរិះអារម្មណ៍ផ្សេងៗមិនឈប់ឈរ តែងតែរំភើបញ័បញ័រពិបាកនឹងការពារឬទប់ទល់ឲ្យនៅនឹងមួយកន្លែងបាន ។ អ្នកប្រាជ្ញបានពោលថា បុគ្គលណាបានទូន្មានចិត្តឲ្យល្អប្រពៃហើយ បុគ្គលនោះឈ្មោះថាបានសេចក្តីសុខដែលជាបំណងធំបំផុតរបស់មនុស្សលោក ។ ពិតមែនតែចិត្តជាអរូបី យើងមិនអាចមើលឃើញដោយចក្ខុទេ តែវាអាចបង្គាប់បញ្ជាលើរូបកាយទាំងមូលបាន ។ យ៉ាងនេះហើយបានជាព្រះសាស្តាប្រដៅសត្វលោកឲ្យអប់រំចិត្តអោយមានសភាពទន់ភ្លន់ល្អ អោយវៀរចាកអកុសលធម៌ទាំងពួង មានការប្រព្រឹត្តអាក្រក់ដោយកាយ ឬដោយវាចាជាដើម ទៅលើមនុស្ស ឬសត្វដែលនៅជុំវិញខ្លួនយើង ។ ចិត្តនេះ ទោះបីរបឹងរឹងរូសដូចម្តេចក្តីក៏គេអាចទូន្មាន ឬអប់រំឲ្យបានល្អដែរមិនខុសពីជាងធ្នូពត់តម្រង់កូនសរឲ្យត្រង់ដែលអាចបាញ់ចំគោលដៅក្នុងទិសទាំងបួនដូចសេចក្តីប្រាថ្នាបាន ។ បើលំអិតចិត្តបានហើយ ទើបបំពេញកិច្ចការសម្រេចបាន ។ ការងារគ្រប់យ៉ាង ទោះលំបាកក្តី ស្រណុកក្តី ដែលអាចសម្រេចតាមបំណងបាន ក៏អាស្រ័យទៅលើការធ្វើដោយសេចក្តីព្យាយាមនិងសេចក្តីអត់ធន់
ដែលលោកហៅថា ៖
ខន្តី គឺការអំណត់តស៊ូ ធ្វើមិនខ្លាចនឿយលំបាកគ្រប់យ៉ាង ក្នុងការបំពេញកិច្ចនោះៗ ។ ការងារទាំងឡាយមិនអាចសម្រេចដោយឯងៗ ដោយគ្រាន់តែគិត ឬនឹកចង់នោះទេ លុះត្រាតែធ្វើហើយអំណត់ទៀតផងទើបសម្រេច ។ ខន្តី
លោកចាត់ជាតបៈធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែង សម្រាប់កំចាត់អកុសលធម៌ទាំងឡាយ មានហិង្សាជាដើម និងជាអលង្កាដ៏ប្រសើររបស់បុរសស្ត្រីផង ។ កាលបើមានការអំណត់អត់ឱនចំពោះគ្នានឹងគ្នាហើយ ក៏ត្រូវមានការចែកចាយទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀត ដែលលោកហៅថាចាគៈនេះឯង ។
ចាគៈ គឺជាការលះបង់កំណាញ់ ហើយយកទ្រព្យសម្បត្តិទៅធ្វើជាទានដល់អ្នកដែលគួរនឹងឲ្យ ពីព្រោះគ្រហស្ថត្រូវបែង
សម្បត្តិរបស់ខ្លួនជា ៥ ផ្នែកគឺៈ
១- ចិញ្ចឹមខ្លួន និងមាតាបិតាបុត្តភរិយាទាសកម្មករឲ្យបានសេចក្តីសុខ ។
២- ទំនុកបម្រុងកល្យាណមិត្តឲ្យបានសុខ ។
៣- កំចាត់អន្តរាយដែលកើតអំពីភ័យផ្សេងៗ ។
៤- ធ្វើពលី ៥យ៉ាង មានញាតិពលីជាដើម ។
៥- ឲ្យទានដល់សមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ ។
អ្នកស្វែងរកទ្រព្យសម្បត្តិបានមកដោយផ្លូវល្អ ផ្លូវសុចរិតហើយ គួរតែចេះកាន់យកប្រយោជន៍នៃទ្រព្យនោះឲ្យបាន មិន
ត្រូវទុកទ្រព្យឲ្យនៅទំនេរទេ ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើម បុគ្គលនោះ
ឈ្មោះថាកាន់យកនូវប្រយោជន៍នៃទ្រព្យនោះទុកបាន ។ បើប្រើបា្រស់ទ្រព្យក្នុងផ្លូវឥតប្រយោជន៍ ដូចលេងល្បែងភ្នាល់
និងផ្គាប់ផ្គុនស្រីជាដើម ឈ្មោះថាមិនកាន់យកនូវប្រយោជន៍នៃទ្រព្យនោះឡើយ ។
ចិញ្ចឹមមិត្តសម្លាញ់ឲ្យបានសុខ គឺថាយើងរើសយកតែកល្យាណមិត្ត ឯបាបមិត្ត យើងមិនត្រូវចែកចាយឲ្យទេ ត្បិតអី
អាសេវនធម៌ជារឿងធំបំផុតនៃជីវិតមនុស្សយើង សូម្បីតែព្រះពុទ្ធជាម្ចាស់សំដែងក្នុងមង្គលសូត្រ៣៨ប្រការ ក៏ចាប់យកការសេពគប់ជាមុនដែរ ដូចបទថា អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា ជាដើម ប្រែសេចក្តីថា ចូរអ្នកកុំសេពគប់នឹងមនុស្សពាល ឲ្យសេពគប់តែបណ្ឌិត ទើបសន្មតថាជាមង្គលគឺសេចក្តីចម្រើន។ ហេតុនេះបានជាព្រះអង្គឲ្យសង្គ្រោះតែមិត្តដែលអាចពឹងពាក់ ឬជួយធុរៈយើងគ្រប់ពេលវេលាក្នុងគ្រាក្រ ។
ចំណាយទ្រព្យសម្បត្តិ កំចាត់អន្តរាយដែលកើតពីហេតុផ្សេងៗនោះ គឺបំបាត់អន្តរាយដែលកើតអំពីភ័យគ្រប់យ៉ាងមានអគ្គីភ័យ ភ័យអំពីភ្លើងឆេះ ចោរភ័យ ភ័យអំពីចោរលួច ឧទកភ័យ ភ័យអំពីទឹកលិចជាដើម ដោយកម្លាំងទ្រព្យដែលអាចចាត់វិធានការការពារយ៉ាងម៉ឺងម៉ាត់ មិនឲ្យកើតឡើងបាន ។
ត្រូវជួយសង្គ្រោះញាតិ ទៅតាមលំដាប់ថ្នាក់ក្នុងជួរទាំងសង្ខាងដែលហៅថាញាតិពលី ។ ត្រូវធ្វើបដិសណ្ឋារៈដ៏ល្អចំពោះភ្ញៀវដែលមកសំណាក់ក្នុងផ្ទះរបស់ខ្លួន ហៅថា អតិថិពលី ។ ត្រូវធ្វើបុណ្យឧទ្ទិសផលដល់បុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលចែកឋានទៅកាន់បរលោកហើយ ហៅថា បុព្វប្បេតពលី ។ ត្រូវបង់ពន្ធដារជូនរដ្ឋតាមប្រពៃណីនៃច្បាប់ប្រទេសនីមួយៗ ហៅថា រដ្ឋពលី ។ ទេវតាដែលជាសម្មាទិដ្ឋិរក្សាគ្រប់គ្រងលោកធាតុទាំងមូល ឲ្យតាំងនៅក្នុងសេចក្តីសុខគ្រប់ទីកន្លែង ។ អ្នកម្ចាស់ទីកន្លែងត្រូវតែធ្វើបុណ្យឧទ្ទិសផលឲ្យតាមគតិនិយមចំពោះទេវតាទាំងនោះហៅថា ទេវតាពលី ។ សមណព្រាហ្មណ៍ដែលប្រកបដោយសីលាចារវត្ត ជាអ្នកបំពេញកិច្ចខាងផ្លូវសាសនា ឬបំពេញសាធារណប្រយោជន៍ដល់មហាជនទូទៅ ក៏គួរទទួលឋានៈជាបុគ្គលដែលត្រូវគេគោរពបូជាដែរ ។
ការធ្វើអត្ថាធិប្បាយអំពីឃរាវាសធម៌ទាំង ៤ប្រការ ដែលទាក់ទងទៅនឹងការបែងចែកទ្រព្យរបស់គ្រហស្ថ ក៏សមគួរដល់កាលវេលានឹងបញ្ចប់តែប៉ុណ្ណេះ សូមសាធុជនទាំងឡាយ ជួបប្រទះតែសេចក្តីសុខចម្រើនអស់កាលជានិរន្តរ៍តទៅ ។
កាព្យរំលឹក
ឃរាវាសធម៌ ៤ប្រការ
ដែលព្រះសាស្តាទ្រង់សំដែង
បើអ្នកប្រព្រឹត្តយ៉ាងជាក់ស្តែង
អ្នកនោះរមែងជួបក្តីសុខ ។
បើមិនប្រព្រឹត្តឲ្យទៀងទាត់
គង់តែនឹងភ្លាត់ជួបក្តីទុក្ខ
ហិនហោចខ្លោចផ្សារតទៅមុខ
មិនបានក្តីសុខទេលោកអើយ ។